ទុក្ខវេទនា​របស់​ពល​រដ្ឋ​ខ្មែរ​មួយផ្នែកធំ​កើតឡើង​ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​នាពេល​កន្លងមក គឺជា​ប្រភព​ធ្វើឱ្យមាន​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន និង​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ច្រវាក់​យ៉ាង​អយុត្តិធម៌​បំផុត​។ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាងថា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រើប្រាស់​ដីធ្លី​ទាំងនោះ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដូចជា​ដាំដំឡូង​មី ពោត កៅស៊ូ និង​ដំណាំ​ក​សិ​- ឧស្សាហកម្ម​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ក្នុងការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គឺ​ក្រុមហ៊ុន​ខ្លះ​មិនបាន​អនុវត្តន៍​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ទេ​។ ផ្ទុយទៅវិញ​ក្រុមហ៊ុន​មួ​ួ​យ​ចំនួន​បាន​ប្រើ​អំណាច​រំលោភ​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​រងគ្រោះ​នាំគ្នា​ក្រោក​ឡើង​តវ៉ា​ការពារ​ដីធ្លី​របស់ខ្លួន​បែរជា​ត្រូវគេ​ប្តឹងទៅ​តុលាការ​ឱ្យ​ចាប់​កាត់ទោស​យ៉ាង​អយុត្តិធម៌ គឺ​រហូតមក​ដល់ពេលនេះ​មាន​ប្រជាពលរដ្ឋ​រាប់សិប​នាក់​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​បញ្ហា​ជម្លោះដីធ្លី​បើទោះបី​លោក ហ៊ុន សែន ប្រកាស​មិនឱ្យ​មាន​ប្រជាពលរដ្ឋ​ជាប់គុក​ច្រវាក់​ដោយសារ​ជម្លោះដីធ្លី​ក៏ដោយ​។​

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​តំបន់​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ហើយ​អ្នក​ដែល​ងាយ​រងគ្រោះ​គឺ​ស្ត្រី និង​កុមារ ដែល​ត្រូវ​បាត់បង់​ដីធ្លី​ទីជម្រក​។ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ ២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចេញ​ផ្សាយ​កំណត់ត្រា​ស្តីពី​កំណែទម្រង់​ដីធ្លី ដោយបាន​សរសេរ​យ៉ាង​លំអិត​អំពី​ផលប៉ះពាល់​ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​។ នៅក្នុង​កំណត់ត្រា​នោះបាន​សរសេរថា​របត់​នៃ​ការផ្លាស់ប្តូរ​ដ៏​ទូលំទូលាយ​នៅក្នុង​សង្គម​កម្ពុជា​ដែល​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​រឿងរ៉ាវ​ថ្មីៗ​នេះ ធៀប​ទៅនឹង​អតីត​កាលដែល​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​បាន​បង្ក​មហន្តរាយ​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​នោះ មិន​ត្រឹមតែ​ធ្វើឱ្យមាន​ការឈឺចាប់​និង​ការដកហូត​សិទ្ធិសេរីភាព​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​ដំណាក់កាល​មួយ​ដែលនាំឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​កម្មសិទ្ធិ​ដីធ្លី​។ ជាក់ស្តែង​រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សិប​មុ​ឺ​ន​គ្រួសារ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​ទីជម្រក​ដោយសារតែ​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​។

​តាម​របាយការណ៍​រប​ស់​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឱ្យដឹងថា​កាលពី​ឆ្នាំ​២០១១ មាន​ពលរដ្ឋ​ចំនួន​ប្រមាណ​១០៥០០០​នាក់​នៅ​ទូទាំងប្រទេស​បាន​រស់​ប្រឈម​នឹង​ការបណ្តេញចេញ​ដោយ​បង្ខំ​នៅតាម​បណ្តា​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ ប្រការ​ដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិដើម​ភាគតិច​កំពុងតែ​ត្រូវបាន​បដិសេធ​សិទ្ធិ​ទទួលបាន​លំនៅដ្ឋាន សិទ្ធិ​កាន់កាប់​ដីធ្លី​និង​សិទ្ធិ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ស្របតាម​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើស​នេះ​ទៅទៀត​ជម្លោះដីធ្លី​ជាច្រើន​បានកើត​ឡើង​នៅតាម​តំបន់​ដែលមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ដូចជា​នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយ​នៅក្នុង​តំបន់​ទាំងនេះ​ជម្លោះ​កើតឡើង​ដោយសារតែ​ឈ្មួញ​មាន​លុយ និង​អ្នកមានអំណាច​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ពលរដ្ឋ​។ នៅក្នុង​ជម្លោះដីធ្លី​ភាគ ច្រើន​គឺ​ពលរដ្ឋ​តែងតែ​ប្តឹងទៅ​តុលាការ​ឱ្យជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​តុលាការ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទេ គឺ​តុលាការ​តែងតែ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ក្រុមអ្នកច្បាប់​ពី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​វិបត្តិ​ដីធ្លី​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា​ផ្ទៃដី​អភិរក្ស​កាន់តែ​រួម​តូចៗ​ទៅ​ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​យក​ដី​ទាំងនោះ​ធ្វើជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ការ​ធ្វើដូច្នេះបាន​ធ្វើឱ្យប៉ះពាល់​ដល់​ដីធ្លី​ពលរដ្ឋ​សម្រាប់​ប្រកប​របរ​កសិកម្ម​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់​ចំៗ​ថា ទោះបី​រដ្ឋាភិបាល​កំពុង​អនុវត្តន៍​គោលនយោបាយ​ចា​ស់កម្មភាព​ថ្មី​ដោយ​បញ្ជូន​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​រាប់ពាន់នាក់​ឱ្យ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​វាស់វែង​ដីធ្លី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ពលរដ្ឋ​យ៉ាងណាក៏ដោយ ក៏​ជម្លោះដីធ្លី​នៅ​មិនទាន់មាន​ការថយចុះ​ឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៧ ឧសភា ឆ្នាំ​២០១២​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ចេញ​នូវ​បទបញ្ជា​មួយ​ឱ្យមាន​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី និង​ពង្រឹង​គោលនយោបាយ​ស្បែក​ខ្លា ប៉ុន្តែ​តាមពិត​រដ្ឋាភិបាល​នៅតែ​ចេញ​អនុក្រឹត្យ​ចំនួន​៦៦​ដោយ​បម្រុង​ផ្ទៃដី​៣​សែន​ហិកតា​ទុកឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​បន្ថែមទៀត ដែល​ភាគច្រើន ដី​ទាំងនោះ​ប៉ះពាល់​ដល់​តំបន់​ការពារ​។ ប្រការ​នេះហើយ​ដែល​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​រិះគន់ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​បញ្ចប់​វិបត្តិ​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព​នោះឡើយ​។​

​តាម​កំណត់ត្រា​របស់​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ស្តីពី​កំណែទម្រង់​ដីធ្លី​បានសរសេរថា​ផ្ទៃដី​ដ៏​ធំធេង​នៅតែ​ត្រូវបាន​ផ្ទេរ​ដោយ​រដ្ឋាភិបាល​ដើម្បី ផលប្រយោជន៍​ពាណិជ្ជកម្ម​ក្នុង​រូបភាព​នៃ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គមកិច្ច និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​មិនបាន​ប្រកាន់ខ្ជាប់​និង​កម្រិត​តាមផ្លូវ​ច្បាប់​អំពី​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​ផ្តល់ជូន និង​ពុំបាន​ចាត់ថ្នាក់​ឱ្យ​ត្រឹមត្រូវ​ជាមុន​នោះទេ។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ភាគច្រើន​បង្ក​នូវ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​វិបត្តិ​ដីធ្លី​ក្លាយទៅជា​វិបត្តិ​សង្គម​ពិបាក​ដោះស្រាយ​។ ក្រុមអ្នកវិភាគ​បាន​លើកឡើងថា​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​លើ​ការបណ្តេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​ផ្ទះសម្បែង​ព្រោះ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​រដ្ឋាភិបាល​ត្រូវ​ពិគ្រោះ​យោបល់​ជា​សាធារណៈ ត្រូវ​ពិនិត្យមើល​សណ្ឋាន​ដី ត្រូវ​ពិនិត្យមើល​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាមុនសិន​។ បើ​មិន​ដូច្នេះ​ទេ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បម្រើ​តែ​ប្រយោជន៍​ឈ្មួញ​និង​ក្រុមហ៊ុន​ប៉ុណ្ណោះ រីឯ​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​បានក្លាយ​ទៅជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌​ហើយ​ក្លាយទៅជា​អ្នកទោស​ដោយសារតែ​ហ៊ាន​ក្រោក​ឡើង​ការពារ​ដីធ្លី​ទីជម្រក​របស់ខ្លួន​។​

​ក្រុម​អ្នកសង្កេតការណ៍​បាន​វាយតម្លៃថា​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំមាន​ឆន្ទៈ​និង​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​បញ្ចប់​វិបត្តិ​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ហើយ​ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ ក្នុងខណៈ ដែល​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ខែកក្កដា ឆ្នាំ ២០១៣ ជិត​ឈាន​មកដល់​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ត្រូវ​បោះឆ្នោត​ទម្លាក់​លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​នៅ​ថ្ងៃទី​២៨ ខែកក្កដា​ឆាប់ៗ​ខាងមុខ​។ ក្នុងនោះ​គណបក្ស​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ត្រូវ​បោះឆ្នោត​គាំទ្រ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​បញ្ហា​ការពារ​ដីធ្លី​ស្រែចំការ​របស់​ប្រជាពលរដ្ឋ បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​កា​រពារ​ផលប្រយោជន៍​ជាតិ​និង​ការពារ​បូរណភាព​ទឹកដី​។ ប្រសិនបើ​ទុកឱ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​គ្រប់គ្រង​អំណាច​តទៅទៀត​គឺ​ប្រទេសជាតិ​កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​ការបណ្តេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​ទីជម្រក​ដោយ​ពុំមាន​សំណង​សមរម្យ នឹង​ក្លាយទៅជា​វិបត្តិ​ដ៏​ធំ​នៅក្នុង​សង្គមជាតិ ដោយសារតែ​ពលរដ្ឋ​ស្លូតត្រង់​ត្រូវ​បាត់បង់​ដីធ្លី​ទីជម្រក និង​បាត់បង់​នូវ​សិទ្ធិ​សព្វបែបយ៉ាង​ជាពិសេស​សិទ្ធិ​រស់នៅ​និង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​៕

12

Leave A Reply

Your email address will not be published. Required fields are marked *