រដ្ឋា​ភិ​បាល​​លោក ហ៊ុន សែន ជា​​អ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​​បើក​ដៃ​​ឱ្យ​​ក្រុម​ហ៊ុន​​យួន​​បំ​ផ្លាញ​​ព្រៃ​​ឡង់​យ៉ាង​​មហន្ត​រាយ​
ដោយ ជា សុបិន្ត ថ្ងៃទី 26 May, 2013 ម៉ោង 16:31 | ព័ត៌មានជាតិ

​ការ​ដែល​​រដ្ឋា​ភិ​បាល​​លោក ហ៊ុន សែន ផ្តល់​​ដី​​សម្ប​ទាន​​ក្នុង​​តំ​បន់​​ព្រៃ​​ឡង់​​ឱ្យ​​ក្រុម​ហ៊ុន​​យួន​​ដាំ​​កៅ​ស៊ូ​​កំពុង​តែ​​ធ្វើ​ឱ្យ​មាន​​សកម្ម​ភាព​កាប់​បំ​ផ្លាញ​​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ​យ៉ាង​មហន្តរាយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ឃ្លាំមើល​ការបំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន​ព្រមាន​ថា​ខ្លួន​នឹង​ទម្លាយ ឯកសារ​សម្ងាត់​នានា​អំពី​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​របស់​ក្រុមហ៊ុន​យួន​ក្រោមរូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ថ្ងៃ​ចន្ទ​ឆាប់ៗ​ខាងមុខនេះ​។ ការព្រមាន​បញ្ចេញ​ឯកសារ​ជា​វីដេអូ និង​រូបភាព​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃ​ឡង់​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​របស់ខ្លួន​ត្រូវ​រង​ការគំរាមកំហែង​ដល់​អាយុជីវិត និង​តាម​ចាប់ខ្លួន​ជាច្រើន​ដង​តែ​មិនបាន​សម្រេច​របស់​នគ​របាល​ដែល​ស៊ីឈ្នួល​យាម​ការពារ​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​ឱ្យ​រលាយ​។

 

​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក ឈឹម សាវុធ បាន​និ យាយ​កាលពី​ថ្ងៃទី​២៣ ខែឧសភា ថា​លោក​នឹង​លាតត្រដាង​ការពិតជា​សា​ធា​រណៈ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឡង់​របស់​ក្រុម ហ៊ុន​ស៊ី​អ​ស៊ី​ខេ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព​។ លោក​បញ្ជាក់ថា​សម្រាប់​​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ​របស់​យួន​បាន​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​មួយថ្ងៃ​ចាប់ពី​១៥​ទៅ​២០ រថយន្ត​ធំៗ ហើយ​ក្នុង​មួយ​រថយន្ត​មិន​ក្រោម​​​៣០​ម៉ែត្រគូប​នោះឡើយ​។ ចំណែក​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព បាន​ប្រើប្រាស់​រូបភាព​ដឹកជញ្ជូន​ឈើ​តាមរយៈ​គោយន្ត​ដែល​ជួល​​អ្នក​នៅក្នុង​មូលដ្ឋាន​ឱ្យចូល​កាប់​ឈើ​ហើយ​ខ្លួន គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ចាំ​ប្រមូល​ទិញ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​។ ប្រការនេះ​បាន​ធ្វើឱ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ប្រឈម​នឹង​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​យក​ចិត្ត​ទុក​ដាក់​​ការពារ​ព្រៃឈើ​ឡើយ គឺ​ពួកគេ​បែរជា​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ដើម្បី​ប្រយោជន៍​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។​

 

​លោក ឈឹម សាវុធ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ បានឱ្យដឹងថា​សម្រាប់​​​​ក្រុម​ហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ប្រមាណ​២០​គោយន្ត​កែច្នៃ​ក្នុង​មួយថ្ងៃៗ គឺមាន​សកម្មភាព​ធ្ងន់​ធ្ងរ​ជាង​​ក្រុមហ៊ុន​យួន​នៅ​ខេត្តរតនគិរី​ទៅទៀត​។ ជាក់ស្តែង​ឈើរា​ប់​មុ​ឺ​ន​រាប់សែន​ដើម​ត្រូវបាន​គេ​កាប់បំផ្លាញ​ដឹក​ចេញ ហើយ​ក្នុង​មួយ​ថ្ងៃៗ​​រថយន្ត​យី​ឌុប​ដឹក​ឈើមូល​ចេញពី​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ យ៉ាងតិច​ពី​១៥​ទៅ​២០​រថយន្ត​ឯណោះ​។ ឈើមូល​ទាំងនោះ​ត្រូវបាន​គេ​ប្រើ​ប្រាស់​​អាជ្ញាប័ណ្ណ​ដី សម្បទាន​សេដ្ឋកិច្ច​ដឹកចេញទៅ​ប្រទេស​យួន​តាម​ច្រក​ខេត្តកំពង់ចាម ហើយ​ពុំមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់​ស្កាត់​ឡើយ​។ ក្រុមហ៊ុន​យួន​បាន​ប្រើ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាប់​ឈើ​ក្រៅ​រង្វង់​ដី​សម្បទាន​យ៉ាង​ព្រហើន​ដោយសារ​មាន​ការ​​ឃុបឃិត ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​គេ​បាន​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​កំរោល​។​

 

​ការព្រមាន​ទម្លាយ​ឯកសារ​សម្ងាត់​ទាក់ទង​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​បាន​កើតមាន​ក្រោយ​ពេលដែល​លោក ឈឹម សាវុធ និង​សកម្មជន​ការពារ​ព្រៃឈើ​២​នាក់ នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ចុះ​ល្បាត​ព្រៃឈើ​កាលពីដើម​សប្តាហ៍​នេះ​តែ​ត្រូវ​ទទួលរង​ការគំរាមកំហែង​ដល់​អាយុជីវិត និង​តាម​ចាប់ខ្លួន​មិនបាន​សម្រេច​របស់​មន្ត្រី​យោធា​ដែល​យាម​ការពារ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ ម្តង​ជា​ពីរដង​នៅក្នុង​ព្រៃ​ឡង់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ដែល​ទើប​ឡើងកាន់តំណែង​ជំនួស​លោក ឈុន ឈន់​កាលពីពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា ទោះបី​ក្រុមហ៊ុន​យួន​ឈ្មោះ​ស៊ី​អ​ស៊ី​ខេ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​លើ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនមែនជា​អ្នកប្រមូល​ឈើ​ដោយផ្ទាល់​ទេ​។ ការអះអាង​របស់លោក អ៊ុត សំអន បែបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​លោក អភិបាលខេត្ត​កំពង់ធំ​ថ្មី កំពុងតែ​ចេញមុខ​ការពារ​ក្រុមហ៊ុន​យួន​យ៉ាង​ក្រអឺតក្រទម ហើយ​មិនដឹងថា​គាត់​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ឬ​យ៉ាងណា​នោះទេ​។​

 

​ទោះជា​យ៉ាងណា​លោក អ៊ុត​សំអន បាន​ទទួលស្គាល់ថា​អ្នក​ដែល​កាប់បំផ្លាញ​ព្រៃឈើ គឺជា​ក្រុមហ៊ុន​របស់​ខ្មែរ​ពុំមាន​ជាប់​ពាក់ ព័ន្ធ​នឹង​ក្រុមហ៊ុន​យួន​ទេ ព្រោះ​មាន​ក្រុមហ៊ុន​ផ្សេង​ជា​អ្នកប្រមូល​ឈើ ហើយ​ក្រុមហ៊ុន​យួន​គេ​យកតែ​ដី​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សកម្មជន​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ បានបញ្ជាក់​ថា​ទាំង​ក្រុមហ៊ុន​យួន​ទាំង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព សុទ្ធតែ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ប្រ​មូល​​លុយ​ដាក់​ហោប៉ៅ​យ៉ាង​កាក់កប ហើយ​សព្វថ្ងៃនេះ​សកម្មភាព​កាប់​ឈើ​បាន​រាលដាល​ដល់​ក្រៅ​រង្វង់​ដី​សម្បទាន​គួរឱ្យ​ព្រួយបារម្ភ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក​អភិបាលខេត្ត​កំពង់ធំ​មិនគួរ​ចេញមុខ​ការពារ​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ​នោះទេ ព្រោះ​ក្រុមហ៊ុន​នេះ​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​ធ្វើ​អាជីវកម្ម​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត គឺ​គេ​គ្មាន​ខ្លាចក្រែង​ច្បាប់ទម្លាប់​អ្វី​ទាំង​អស់​។ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​សកម្មជន​ការពារ​ព្រៃឈើ​ពីរ​នាក់​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កំពុង​រត់គេចខ្លួន​ពី​ការ​គំ​រាម​កំ​ហែង​​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ​។ ការរត់​គេចខ្លួន​រប​ស់សកម្ម​ជន​ការពារ​ព្រៃឈើ កើត​ឡើង​ក្រោយ​ពេលដែល​ពួកគេ​ព្យាយាម​ចុះ​ល្បាត​នៅក្នុង​ព្រៃ​ឡង់​ដើម្បី​ពិនិត្យមើល​ពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​។ ប្រការ​នេះហើយ​ដែល​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​គ្រោង​ទម្លាយ​ឯកសារ​សម្ងាត់​នានា​អំពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឡង់​របស់​ក្រុមហ៊ុន​យួន និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ​ទ្រី ភាព ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​។ បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ​ព្រោះ​ឈើ​រាប់​មុ​ឺ​ន​រាប់សែន​ដើម​ត្រូវគេ​កាប់បំផ្លាញ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក្នុង​ខេត្តកំពង់ចាម ដោយ​ពុំមាន សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​

 

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា បាន​រិះគន់ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្រោមលេស​ដី​សម្បទាន​សេដ្ឋកិច្ច​។ ជាក់​ស្តែង​ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​ឱ្យ​ក្រុមហ៊ុន​យួន និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ដាំ​កៅស៊ូ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ទើប​បទល្មើស​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ជាក់ស្តែង​មិនមែន​តែ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ប៉ុណ្ណោះ​ទេ ដែល​ក្រុមហ៊ុន​យួន​និង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​មហន្តរាយ គឺ​នៅ​ខេត្ត​រត​នគិ​រី និង​​ខេត្តមណ្ឌលគិរី ក៏មាន​បទល្មើស​កើតឡើង​ដូចគ្នា​ដែរ​។ មានន័យថា លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បទ​ល្មើស បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ព្រោះ​មកពី​តែ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​មិនបាន​សិក្សា​ឱ្យ​ច្បាស់លាស់​ពី​តំបន់​សម្បូរ​ព្រៃឈើ​ទើប​ក្រុមហ៊ុន​ទាំងនោះ​មានឱកាស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ មានន័យថា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុម​ហ៊ុន​​​នាពេល​កន្លងមក គឺជា​ប្រភព​ដែលនាំឱ្យ​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ គួរឱ្យ​សោក​ស្តាយ​​បំផុត​។ បើ​គិតពី​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ទាំងនោះ​ដាក់ទុន​វិនិយោគ និង​លុយ​ដែល​ក្រុមហ៊ុន​ប្រមូលបាន​ពី​ការកាប់​ឈើ​ខុសច្បាប់​ឃើញថា​រដ្ឋាភិបាល​កម្ពុ​ជាមាន​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ និង​នាំទុក្ខ​ដល់​ពលរដ្ឋ​ថែមទៀត​៕​

087

4