បើ​គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី ប្រជា​រ្រា​ស្ត​ក្រីក្រ​ទន់​េ​ខ្សាយ​នៅតែ​ហូរ​ស្រក់​ទឹកភ្នែក​ក្លាយជា​ស្ទឹង​ទន្លេ​ដោយសារ​អំពើ​ជិះជាន់​សង្កត់​សង្កិន​​ឆក់​ប្លន់​ដីធ្លី​
ដោយ មនសិការខ្មែរ ថ្ងៃទី 14 October, 2013 ម៉ោង 05:07 | ព័ត៌មានជាតិ

​ភាពបរាជ័យ​យ៉ាង​អាម៉ាស់មុខ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ បានធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជា​ជន​​កម្ពុជា ភ្លឺភ្នែក​កាន់តែច្បាស់​ឡើង​អំពី​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ​ទន់ខ្សោយ​ហូរ​ស្រក់​ទឹក​ភ្នែក​គ្មាន​ទីបញ្ចប់ ហើយ​ប្រជារាស្ត្រ​ខ្លះ​ត្រូវ​រងទុក្ខវេទនា​បាត់បង់​ផ្ទះសម្បែង​បែកបាក់​គ្រួសារ​ដោយ​តែ​ពាក្យ​អភិវឌ្ឍន៍​ក្លែងក្លាយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​​រប​ស់​ក្រុម​អ្នកកាន់អំណាច​។ ពេល​ប្រជារាស្ត្រ នាំគ្នា​តវ៉ា​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​ដំណោះស្រាយ​គ្មាន​នរណា​ចេញមុខ​ជួយ​ដោះ​ស្រាយ​នោះទេ មានតែ​ការប្រើ​ខែល និង​ដំបងឆក់ វាយ​បង្ក្រាប ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ដោយ​គ្មាន​ក្តី​អាណិត​មេត្តា​សោះឡើយ​។​

 

​ក្នុង​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​១០​ខែតុលា កន្លងទៅនេះ​សហគមន៍​រងគ្រោះ​ដោយ​អំពើ​ឆក់​ប្លន់​ដីធ្លី​បាន​ជួបជុំគ្នា​នៅ​រមណីយដ្ឋាន​វត្តភ្នំ ហើយ​នាំគ្នា​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ក៏​រង​នូវ​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​ប្រដាប់ អាវុធ ដែល​នៅពេលនោះ​ប្រជារាស្ត្រ​ក្រីក្រ​បាន​លុតជង្គង់ យកដៃ​សំពះ​បាតជើង​កង​កម្លាំងប្រដាប់អាវុធ​ទាំងនោះ ស្រែក​លាន់ឮ ទ្រហឹង​កងរំពង​ផ្អើល​ពិភពលោក​។ ខ្សែ​វីដេអូ​ដែល​ថត​បាន​ពី​សកម្មភាព​នៃ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង កក់ ថ្វាយបង្គំ​កងកម្លាំងប្រដាប់អាវុធ និង​យកដៃ​សំពះ​បាតជើង​កងកម្លាំង​ដែល​កាន់​ខែល និង​ដំ បង​ឆក់ វាយ​បង្ក្រាប​ទៅលើ​ប្រជា រាស្ត្រ​ទន់ខ្សោយ​ដោយ​មិន​ញញើត ដៃ ត្រូវបាន​ផ្សព្វផ្សាយ​និង​ចែក​រំ លែ​កប​ន្ត​នៅ​ទូទាំង​ពិ ភព​លោក ហើយ​ពលរដ្ឋ​ដែល​បាន​មើល​ខ្សែអាត់​វីដេអូ​នេះ មាន​ក្តី​រន្ធត់ចិត្ត​សោកសង្រេង​យ៉ាងខ្លាំង​ចំពោះ​ជោគវាសនា​របស់​ខ្មែរ ដែលមាន​មេដឹកនាំ​គិតតែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ខ្វះ​ភាព​ទទួលខុសត្រូវ បន្ត​រងទុក្ខវេទនា​ឥត​ល្ហែ​។​

 

​ប្រជារាស្ត្រ​ស្លូតត្រង់​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី បាន​លុតជង្គង់​សំពះ​បាតជើង​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុងតែ​លើកដៃ​វាយ​បង្ក្រាប​ពួក​គាត់ ដោយ​លើកឡើងថា​សូមមេត្តា​បញ្ឈប់​ការធ្វើ​បាប​ជាតិ​សាសន៍​ឯង គិតគូរ​ផលប្រយោជន៍​រួម​ជាធំ កុំ​ការពារ​តែ​បុគ្គល​ម្នាក់ យើង​មិន​ត្រូវ​​វាយ​ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ​គ្នាឯង​ទេ ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ឈឺចាប់​រងទុក្ខវេទនា​ហូរ​ស្រក់​ទឹកភ្នែក​គ្រប់គ្រាន់​រួចទៅហើយ បន្ទាប់​ពី​រស់​ក្រោម​របប​ដ៏​សាហាវព្រៃផ្សៃ និយម​តែ​អំពើហិង្សា​របស់​ក្រុមខ្មែរក្រហម និង​ការជិះជាន់​សង្កត់សង្កិន​របស់​យួន​។ ប្រជារាស្ត្រ​ក្រីក្រ​ដែល​បាត់បង់​ដីធ្លី​ផ្ទះសម្បែង បាត់បង់​សមាជិកគ្រួសារ ដោយសារតែ​ពាក្យ​អភិវឌ្ឍន៍​ក្លែងក្លាយ​បានលើកឡើង​ទៀតថា ឈាម​ខ្មែរ​តែមួយ ប្រជារាស្ត្រ​ក៏​ជា​ខ្មែរ បងៗ​កម្លាំងប្រដាប់អាវុធ​ក៏មាន​ឈាម​ជា​ខ្មែរ ហេតុអ្វី​អាច​លើកដៃ វាយប្រហារ​ឈាម​ឯង ដោយ​គ្មាន​ការអៀនខ្មាស​បរទេស​ក្បែរ​ខាង ហើយ​គេ​សប្បាយចិត្ត​ខ្លាំងណាស់ នៅពេលដែល​បានឃើញ​អ្នកកាន់អំណាច​ចេះ​វាយ​ធ្វើបាប​ប្រជារាស្ត្រ​ខ្លួនឯង​គ្មាន​ត្រា​ប្រណី​។​

 

បន្ទាប់ពី​បាន​មើល​ខ្សែ​វីដេអូ ដ៏​គួរ​ឲ្យ​រន្ធត់​សោកសៅ ហូរ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​រួចមក ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើងថា ឱ​វាសនា​ខ្មែរ​ពេលណា​ស្គាល់​ភាព​រីកចម្រើន​រុងរឿង ដូច​ប្រជាជាតិ​ដទៃ ហើយ​ពេលណា​ទើប​រាស្ត្រ​ខ្មែរ​ក្រីក្រ​ទន់ខ្សោយ​ឈប់​យំ ឈប់​ស្រក់​ទឹកភ្នែក​ឈប់​ដើរ​តត្រុក​ធ្វើបាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ទាំង​កណ្តាល​ថ្ងៃ ទាំង​កណ្តាល​ភ្លៀង​។ ប្រជាពលរដ្ឋ​មួយចំនួនទៀត​បាន​លើក​ឡើង​ថា ប្រសិនបើ​យើង​គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​ទេនោះ ច្បាស់​ណាស់​ដែលថា ទឹកភ្នែក​របស់​ប្រជារាស្ត្រ​ខ្មែរ​នៅតែ​ហូរ​ស្រក់​យ៉ាង​អយុត្តិធម៌​បំផុត ព្រោះ​គ្មាន​ថ្ងៃ​ដែល​អ្នកកាន់អំណាច​សព្វ​ថ្ងៃនេះ ដែល​គិតគូរ​តែ​ផលប្រយោជន៍​ខ្លួនឯង បាន​ស្គាល់​និង​យល់​ចំពោះ​តម្លៃ​របស់​ទឹកភ្នែក​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​នោះទេ​។​

 

​អំពើ​សាហាវព្រៃផ្សៃ និង​វប្បធម៌​ហិង្សា​របស់​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​នេះ គឺ​កើតឡើង​នៅ​កណ្តាល​រាជធានី ដែលជា​បេះដូង​នៃ​ប្រ​ទេស​​កម្ពុជា ហើយ​សហគមន៍​អន្តរជាតិ មើលឃើញ​កាន់តែច្បាស់​ពី​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក ហ៊ុន សែន តាមរយៈ​ទុក្ខវេទនា សម្រែក​ឈឺចាប់​និង​ការហូរ​ស្រក់​ទឹកភ្នែក របស់​ប្រជារាស្ត្រ​ក្រីក្រ​នៅ​តំបន់​បុរី​កីឡា ដីក្រហម និង​តំបន់​បឹងកក់​។ ប្រជាពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​​ដោយ​អំពើ​ឆក់​ប្លន់​ដីធ្លី​ទាំងនោះ ទាំង​ក្មេង​ទាំងចាស់ បាននាំគ្នា​ធ្វើការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​និង​យុត្តិធម៌​សឹង​រាប់​ភ្លេច​ទៅ​ហើយ រង​នូវ​ការ​វាយ​បង្ក្រាប​មិន​ញញើត​ដៃ និង​អមនុស្សធម៌​បំផុត​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ ដូចជា​ហេតុការណ៍​ចុងក្រោយ​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នាំគ្នា​ធ្វើ​កូដកម្ម​អត់​អាហារ ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ស្វែងរក​ការពិត​ទាក់ទិន​នឹង​ការ​លួច​បន្លំ​សន្លឹកឆ្នោត បែរជា​ត្រូវ​រង​នូវ​ការ​វាយ​បង្ក្រាប​បង្ក​របួសស្នាម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។

 

​សូម្បីតែ​ការប្រមូល​ផ្តុំគ្នា​ទៅ​តវ៉ា​នៅមុខ​ផ្ទះ​របស់លោក ហ៊ុន សែន ឬ​ការតវ៉ា​នៅមុខ​វិមាន​សន្តិភាព ក៏​គេ​មិនដែល​ឃើញ​អ្នកកាន់អំណាច​ណា​ម្នាក់​ចុះទៅ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ​គឺ​ចូលចិត្ត​ប្រើ​កម្លាំងបាយ ប្រើ​ខែល និង​ដំបង​ដើម្បី​ដោះស្រាយ​បញ្ហា ឈាន​ដល់​ការ​វាយ​បង្ក្រាប ការបង្ហូរ​ឈាម ការចាប់​ឃុំខ្លួន​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ ប្រព្រឹត្ត​តាមរបៀប​កុ​ម្មុយ​និ​ស្ត​។ យ៉ាងណាក៏ដោយ អ្នក​ភូមិ​​បឹងកក់​ធ្លាប់​បានធ្វើ​ការតវ៉ា​ទាមទារ​រក​ដំណោះស្រាយ​តាម​គ្រប់​រូបភាព​ទាំង​ការ​ស្លៀកពាក់​តាមរបៀប​ជា​អ្នកទោស​ដើម្បី​ប្រឆាំង​ចំពោះ​ការឃុំខ្លួន​សកម្មជន​ដីធ្លី ដោយ​អយុត្តិធម៌ ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ហូល​ផាមួង ធ្វើ​បា​តុ កម្ម​នៅ​ថ្ងៃបុណ្យ​ជាតិ ឬ​ការធ្វើ​បាតុកម្ម​ដោយ​រាំ​បទ ហ្គា​ង​ណាំ​ស្តាយ ក៏​ធ្លាប់​បានធ្វើ​សព្វគ្រប់​អស់ហើយ នៅតែ​គ្មាន​ដំណោះស្រាយ​សមស្រប​ក៏​ព្រោះតែ​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​។​

 

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​ឆក់​ប្លន់​ដីធ្លី និង​ការ​វាយ​ធ្វើបាប​ដ៏​សាហាវឃោរឃៅ ជានិច្ចកាល​បាននាំគ្នា​ធ្វើ​ការតវ៉ា​រហូតដល់​ដ​ង្ហើ​ម​ចុងក្រោយ លែង​ខ្លាចញញើត​ការ​វាយ​បង្ក្រាប​ការចាប់​ឃុំខ្លួន ឬ​ការប្រើ​អំពើហិង្សា​ទៀតហើយ រហូតដល់​ពេលខ្លះ ប្រជាពលរដ្ឋ​រងគ្រោះ​បាននាំគ្នា រៀបចំ​ពិធី​ដាក់​បណ្តាសា​មាន​បាច​អំបិល អង្ករ ធ្វើ​រូប​ទីងមោង តំណាង​ឲ្យ​ជន​ពុករលួយ យកទៅ​ដុតចោល និង​ដាក់​បណ្តាសា​ឲ្យ​មន្ត្រី​ខិលខូច និង​ឈ្មួញ​ទុច្ចរិត​ដែល​ឆក់​ប្លន់​ដីធ្លី​ប្រជារាស្ត្រ​ក្រីក្រ ជួប​ក្តី​វិនាស​អន្តរាយ ចាញ់ឆ្នោត​បាត់បង់​អំណាច រលាយ​បុណ្យស័ក្តិ និង​ស្លាប់​តៃហោង​ជាដើម ពោលគឺ​ពាក្យ​បណ្តាសា​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារតែ​ការឆក់ប្លន់​ដីធ្លី ស្តាប់ទៅ​គួរ​ឲ្យ​ព្រឺក្បាល​ខ្លាំងណាស់​។​

 

​សូម្បីតែ​មុខ​ព្រះអង្គ​ដង​កើ ក៏​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ នាំគ្នា​បួងសួង​សូម​ឲ្យ​បារមី​នៃ​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ក៏​ព្រោះតែ​បងប្អូន​ប្រជារាស្ត្រ​លែងមាន​ជំនឿ​ទៅលើ​ក្រុម​អ្នកកាន់អំណាច​ដែល​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។ គេ​មើលឃើញ​យ៉ាងច្បាស់​ថា​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​អស់ជំនឿ ហើយ​ទំនងជា​អំ ណា​ច​បណ្តាសា​របស់​ប្រជារាស្ត្រ​ខ្មែរ​ស័ក្តិ​សិទ្ធ ទើប​ធ្វើ​ឲ្យ​ក្រុម​អ្នកកាន់អំណាច​ដែល​ធ្វើបាប​ប្រជារាស្ត្រ​ត្រូវ​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ទទួល​ស្គាល់​ការពិត បែរជា​ប្រកាស​លទ្ធផល​លួច​បន្លំ​ប្លន់​យកជ័យ​ជំនះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។ ប្រ​សិន​បើ​គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​ទេនោះ ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​យល់ថា ទឹកភ្នែក​របស់​ប្រជារាស្ត្រ​ខ្មែរ​ទន់ខ្សោយ នៅតែ​ហូរ​ស្រក់​ក្លាយ​ជា​ស្ទឹង​ទន្លេ​ជាមិនខាន​ឡើយ ហើយ​ទឹកភ្នែក​រាស្ត្រ​នេះ គឺជា​បណ្តាសា​ដែល​អ្នកកាន់អំណាច​ធ្វើ​បា​ប្រជារាស្ត្រ​ខ្លួនឯង ហែល​ឆ្លង​មិន​ផុត​ឡើយ ព្រោះ​កម្ម​តាម​ចង់ពៀរ​ជាមិនខាន​៕​

994355_219941911508050_1603066918_n maxresdefault