ការផ្លាស់ប្តូរ​តំណែង​អភិបាល​រាជធានី​-​ខេត្ត របស់​គណបក្ស​ប្រជាជន​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​មុនពេល​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥
ដោយ មនសិការខ្មែរ ថ្ងៃទី 26 April, 2013 ម៉ោង 11:15 | ព័ត៌មានជាតិ

​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​បានប្រកាស​អំពី​ការដកហូត តំណែង​និង​ដាក់ឱ្យចូល​និវត្តន៍​នូវ​អភិបាល​រាជធានី និង​ខេត្ត​ចំនួន​១០ នាក់​ដោយ​អះអាងថា​ជាការ​អនុវត្តន៍​តាមបែប​លទ្ធិប្រជាធិបតេយ្យ និង​ផ្តល់ឱកាស​ឱ្យ​យុវជន​ក្លាយជា​អ្នកដឹកនាំ​បន្តវេន​ពី​អ្នក​ជំនាន់​មុន​។ ប៉ុន្តែ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ការដាក់ឱ្យ​ចូលនិវត្តន៍ និង​ផ្លាស់ប្តូរ​អភិបាល​រាជធានី​-​ខេត្ត ចំនួន​១០​នាក់​របស់​គណបក្ស​ប្រជាជន​គឺធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​ព្រោះ​ការផ្លាស់ប្តូរ​នោះ​មិនមែន​ជាការ​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​តាមរបៀប​ទំពាំង​ស្នង​ឫស្សី​ពិតប្រាកដ​ឡើយ​។ ផ្ទុយទៅវិញ​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ ព្រោះ អភិបាល រាជធានី​ភ្នំពេញ ក៏ដូចជា​អភិបាលខេត្ត​មួយចំនួនទៀត​មិនបាន​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ​ឡើយ ដែលជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ ជាក់ស្តែង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាល​នៅ​កាន់តំណែង​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ​មានអំណាច ហើយ​បណ្តោយឱ្យ​ក្រុមហ៊ុន​ប្រើ​អំពើហិង្សា​ជម្លៀស​ប្រជាពលរដ្ឋ​ស្លូតត្រង់​ចេញពី​ដីធ្លី​លំនៅដ្ឋាន​តំបន់​បឹងកក់ និង​សហគមន៍​បុរី​កីឡា​ស្រេច​តែ​អំពើ​ចិត្ត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។​

​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជធានី ខេត្ត​-​ក្រុង និង​ស្រុក​-​ខណ្ឌ គឺ​ក្នុង​មួយ អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ​ត្រូវធ្វើ​ការផ្លាស់ប្តូរ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំបាន​យកចិត្តទុកដាក់​ចំពោះ​ការផ្លាស់ប្តូរ មុខតំណែង​អភិបាល​រាជធានី​-​ខេត្ត ក្រុង និង​ស្រុក​-​ខណ្ឌ ដូច​អ្វីដែល​ច្បាប់​បានកំណត់​នោះទេ​។ ជាក់ស្តែង​លោក កែប ជុតិមា បាន​កាន់កាប់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​រយៈពេល​ជាង​១០​ឆ្នាំ ហើយ​មិនបាន​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នោះទេ ផ្ទុយទៅវិញ​បញ្ហា​ជម្លោះដីធ្លី និង​បញ្ហា​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ លោក កែប ជុតិមា គិតគូរ​តែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្តោយ​ឱ្យមាន​បញ្ហា​ជម្លោះដីធ្លី និង​វិបត្តិ​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​រាជធានី​ភ្នំពេញ ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​ដែលជា​គណបក្សកាន់អំណាច​។ ដូច្នេះ​ការដាក់ឱ្យ​លោក កែប ជុតិមា ចូលនិវត្តន៍​ដើម្បី​ត្រៀម​ឈរ​ជា​បេក្ខភាព​តំណាងរាស្ត្រ​សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ គឺធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ ព្រោះ​ប្រសិនបើជា​ការកែទម្រង់ របៀបរបប​ដឹកនាំ គឺ​គណបក្ស​ប្រជា ជនកម្ពុជា​គួរ​ដកហូត​តំណែង​លោក កែប ជុតិមា ជា​យូរ​មកហើយ​។​

​ដោយឡែក​ការដាក់ឱ្យ​លោក ឈុន ឈន់ អភិបាលខេត្ត​កំពង់ធំ​ចូលនិវត្តន៍​ដើម្បី​ត្រៀម​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការបោះឆ្នោត​ខាងមុខ ក៏​ត្រូវបាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ឯករាជ្យ​វាយតម្លៃថា​ជា​រឿង​ន​យោ បាយ​ដែរ​។ ជាក់ស្តែង​ក្នុងតួនាទី​ជា​អភិបាល​ខេត្តកំពង់ធំ​ជាច្រើន​ឆ្នាំ គឺ​លោក ឈុន ឈន់ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​បទល្មើស​នេសាទ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ ហើយ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​បន្ត កើតមាន​យ៉ាង​អនាធិបតេយ្យ​។ ជាក់ស្តែង​ក្រុមហ៊ុន​យួន​ដែល​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នៅ​តំបន់​ព្រៃ ឡង់​ដើម្បី​ដាំ​កៅស៊ូ បានធ្វើ​សកម្មភាព​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក ហើយ​ថែមទាំង​កាប់​ឈើ​ក្រៅ​រង្វង់​ដី​សម្បទាន​ធ្វើ​អាជីវកម្ម​យ៉ាង​គឃ្លើន​។

​ក្រុមអ្នកវិភាគ​ស្ថានការណ៍​ន​យោ បាយ និង​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា​ការផ្លាស់ប្តូរ​អភិបាល​រាជធានី​-​ខេត្ត របស់​បក្ស​ប្រជាជន​នៅពេលនេះ គឺជា​ល្បែង​នយោបាយ​មួយ​របស់​គណបក្សកាន់អំណាច​នៅ​មុនពេល​បោះឆ្នោត​ព្រោះ អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាលខេត្ត​ខ្លះ​មានរឿង​អាស្រូវ​ក្នុងការ​គ្រប់គ្រង​របស់​ខ្លួន ដូចជា​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ជាដើម។ ជាក់ស្តែង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ នៅពេល​គ្រប់គ្រង​អំណាច​មានការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ដោយ​ពុំមាន​សំណង​សមរម្យ​ក្រោមរូបភាព​អភិវឌ្ឍន៍​ដូចជា​នៅ​តំបន់​បឹងកក់​និង​តំបន់​ផ្សេងៗ​ទៀត​រហូត​មកទល់ពេលនេះ​មិនទាន់​ដោះស្រាយ​ឱ្យបាន​សមស្រប​នៅឡើយ​ទេ​។ លោក​កែប ជុតិមា ក្នុង​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ រយៈពេល​ជាង​១០​ឆ្នាំ​បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ហើយ​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ​នៅតែ​លិច​ទឹក និង​មាន​ដី​ហុយ​សំពោង​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា​ការផ្លាស់ប្តូរ​អភិបាល​រាជធានី​-​ខេត្ត នៅពេលនេះ​មិនមែនជា​ការយកចិត្តទុកដាក់​លើ​គុណភាព​នៃ​ការអនុវត្ត​ច្បាប់​ទេ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើបែបនេះ​គឺ​ដើម្បី​ពង្រឹង​អំណាច​បក្ខពួក​ជាជាង​ពង្រឹងសមត្ថភាព​មន្ត្រី​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​។ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​មើលឃើញ​ការផ្លាស់ប្តូរ​តំណែង​អភិបាល​រាជធានី​-​ខេត្ត​របស់លោក ហ៊ុន សែន មិន​បានជា​ផលប្រយោជន៍​អ្វី​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅមុន​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ជិត​ឈាន​មកដល់​។ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​មាន​ឆន្ទៈ​កែទម្រង់​របៀបរបប​ដឹកនាំ​ថ្នាក់​រាជធានី​-​ខេត្ត​ពិតប្រាកដ​ប្រហែលជា​មិន​ទុកឱ្យ​លោក​កែប ជុតិមា កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំ ពេញ​រហូត​ជាង​១០​ឆ្នាំ​នោះឡើយ​។ អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​នៅពេលនេះ​អាចជា​យុទ្ធសាស្ត្រ​ក្នុងការ​ពង្រឹង​អំណាច​របស់​ក្រុម​ខ្លួន​ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​ច្រើនដង​រួចមកហើយ អំពី​ការ​កាន់តំណែង​ដល់​ចាស់ជរា ឬ​ដល់​អាយុ​៩០​ឆ្នាំ​។

​សូមបញ្ជាក់​អភិបាល​រាជធានី​-​ខេត្ត​ទាំង​១០​នាក់ ដែល​ត្រូវ​ផ្លាស់ប្តូរ​ចេញ និង​ដោយសារ​ដល់​អាយុ​ចូលនិវត្តន៍​នោះ​រួមមាន លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​, លោក សូ​៊​ភិរិន្ទ អភិបាលខេត្ត​សៀមរាប​, លោក ឈុន ឈន់ អភិបាលខេត្ត​កំពង់ធំ​, លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម​, លោក ឡូយ សុផាត អភិបាលខេត្ត​ស្ទឹងត្រែង​, លោក ឈុន ស៊ីរុន អភិបាលខេត្ត​កណ្តាល​, លោក  កង ហ៊ាង អភិបាលខេត្ត​កំពង់ស្ពឺ និង លោក ចាន់ យឿន អភិបាលខេត្ត​មណ្ឌលគិរី​។ ចំណែក​លោក បុ​ិ​ច សុ​ខិ​ន អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​ផ្លាស់ប្តូរ​ដោយសារ​មាន​បញ្ហា​សុខភាព និង​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏ត្រូវ​ប្តូរ​ចេញ​ដែរ ដោយសារ​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​១៨ មេសា ឆ្នាំ​២០១៣​ថា​អភិបាល​រាជធានី​-​ខេត្ត​ចំនួន ១០​នាក់​បានបញ្ចប់​អាណត្តិ​របស់ខ្លួន ហើយ​ព្រះរាជក្រឹត្យ​ក៏បាន​តែងតាំង​អភិបាល​រាជធានី​-​ខេត្ត​រួចហើយ​ដែរ​នៅតែ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានលើកឡើង​ទៀតថា ការផ្លាស់ប្តូរ​តំណែង​អភិបាល​រាជធានី​-​ខេត្ត​របស់​គណបក្ស​ប្រជាជន​នៅពេលនេះ​គឺពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ច្រើនជាង​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ អ្វី​ដែលជា​ទម្លាប់​ទៅហើយ​នៅក្នុង​សង្គម​កម្ពុជា​នោះ​គឺ​មន្ត្រីរាជការ​មួយចំនួន​បាន​ឡើង​តួនាទី​តាមរយៈ​ការ​សូកប៉ាន់​មេដឹកនាំ​ជាន់ខ្ពស់ និង​ការ​បង់លុយ​ជូន​គណបក្ស​តាម​ការកំណត់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​មន្ត្រី​មួយចំនួន​មិន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ហើយ​គិតគូរ​តែ​រឿង​ស្រង់ដើម ទោះបី​ត្រូវ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ខិលខូច​ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក៏​ពួកគេ​មិន​ញញើត​ដែរ​។ បើទោះបី​ពុំមាន​ភស្តុតាង​បញ្ជាក់ថា​មន្ត្រី​ទាំងនោះ​ចំណាយលុយ​ដើម្បី​ទទួលបាន​មុខតំណែង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការចំណាយ​លុយ​ដើម្បី​តំណែង​និង​តួនាទី​បានក្លាយ​ទៅជា​ទម្លាប់​នៅក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាច្រើន​អាណត្តិ​មកហើយ​។

​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​កត់សម្គាល់ថា​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឆន្ទៈ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គ្រប់គ្រង​អំណាច​ថ្នាក់មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គឺ​ការជ្រើសរើស​មន្ត្រី​ឱ្យធ្វើជា​អភិបាល​រាជធានី​ខេត្ត​គួរតែ​ផ្តោត​សំខាន់​លើ​មន្ត្រី​មាន​សមត្ថភាព​ពិតប្រាកដ​មិន​ពឹង​ផ្អែកលើ​សែស្រឡាយ និង​បក្ខពួក​។ ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​អ្នក​ដែល​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​ថ្មី​ជំនួស​អភិបាលខេត្ត​ដែល​ត្រូវ​ចូលនិវត្តន៍​និង​ដកហូត​តំណែង​នៅពេលនេះ​ត្រូវបាន​គេ​ដឹងថា​ជា​មន្ត្រី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​។ ហេតុនេះហើយ​ទើប​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​វាយតម្លៃថា​ការផ្លាស់ប្តូរ​តំណែង អភិបាល​រាជធានី​-​ខេត្ត​នៅពេលនេះ​ជា​រឿង​នយោបាយ មិនមែន​ជាការ​ផ្តល់ឱកាស​ឱ្យ​យុវជន​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រទេសជាតិ​ពិតប្រាកដ​ឡើយ​។​

​អ្នកវិភាគ​នយោបាយ​មួយចំនួន​បានឱ្យដឹងថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ចាញ់ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ព្រោះ​សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។ ហេតុនេះហើយ​ទើប​លោក ហ៊ុន សែន រក​មធ្យោបាយ​សព្វបែបយ៉ាង​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើងវិញ ពេលដែល​ប្រជាប្រិយភាព​គណបក្សកាន់អំណាច​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងនោះ​ការផ្លាស់ប្តូរ​តំណែង​អភិបាល​រាជធានី​-​ខេត្ត ក៏​អាច​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​នយោបាយ​ដែរ​៕

02 (3) 02 (2) 02 (1)